នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស. ២០២៥ , លោកស្រី ហេង សុទិនី ប្រធានការិយាល័យថវិកាថ្នាក់ក្រោមជាតិ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប, ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, ឯកឧត្តម លោកជំទាវ មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអភិបាលនៃគណ:អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត ផ្ទាល់ និងតាមរយ:ប្រព័ន្ធអនឡាញ Zoom សរុបចំនួនប្រមាណ ៦០០ នាក់។ ទន្ទឹមនឹងនេះ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗ រួមមាន៖
(១). ការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា
(៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់. ដែលប្រព្រឹត្តធ្វើនៅសណ្ឋាគារសុខាភ្នំពេញ៕